អត្ថបទនេះល្អ ! ហើយក៏ជាអត្ថបទ ខ្ញុំចង់យកមកចែករំលែកបន្ត ជូនបងប្អូនយើងបានអានដែរ ពីព្រោះវាជាលើកទីមួយរបស់ខ្ញុំហើយ ដែលអ្នកធ្វើការខាងស្ថាប័នមាននិន្នាការគាំទ្ររដ្ឋាភិបាល សរសេរអត្ថបទពោរពេញទៅដោយអត្ថន័យដ៏ស៊ីជម្រៅ ដែលខ្ញុំយល់ថា ជាអត្ថបទលើកឡើង ពីចំណុចត្រវនឹងអ្វីពលរដ្ឋខ្មែរយើង ចង់ផ្ញើសារទៅកាន់រដ្ឋាភិបាលកម្ពុជា ។
-------------------------------------
បណ្ឌិត គិន ភា៖ វៀតណាម មិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួន បន្ថែមទម្ងន់នៃការឈឺចាប់ដល់ប្រជាជនខ្មែរទៀតទេ
(ភ្នំពេញ)៖ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១ សប្ដាហ៍។
សេចក្តីជូនដំណឹងដដែលនេះ បានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។
ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យទាំងនោះ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកនោះផងដែរ ។
ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ដោយមិនគួរអនុញ្ញាតឱ្យមានការតាំងទីលំនៅដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាតទៅទៀតនោះទេ ។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះបំផុត ទឹកដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រើប្រាស់ គឺជាទឹកដែលអ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ តាមដងទន្លេទាំងនោះបន្ទោរបង់ដាក់ជារៀងរាល់ថ្ងៃ ។
ប៉ុន្តែ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាំងកាំង និងនឹកហួសចិត្តគ្រប់គ្នានោះ គឺវោហារសាស្ត្ររបស់ឯកអគ្គរដ្ឋទូត ដែលជិតផុតអាណត្តិរបស់វៀតណាម ប្រចាំកម្ពុជា លោក វូ ក្វាងមិញ ដែលបានថ្លែងប្រតិកម្ម ចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានអះអាងថា ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់កំហិតរយៈពេល៧ថ្ងៃ ឱ្យប្រជាជនដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចាកចេញ ពីផ្ទៃទឹកនៅរាជធានីភ្នំពេញ ឱ្យអស់ក្នុងរយៈពេល ១ សប្តាហ៍ ដោយឱ្យសំណង់ទាំងនោះ ចាកចេញពីផ្ទៃទឹក គឺលឿនពេក និងមិនអាចអនុវត្តបានឡើយ ។
លោក វូ ក្វាងមិញ និងប្រធានសមាគមវៀតណាមនៅកម្ពុជា បានចុះទៅជួបផ្ទាល់អ្នកតាំងទីលំនៅតាមដងទន្លេដែលត្រូវឱ្យរុះរើចេញនោះ ។ វិទ្យុសំឡេងវៀតណាម និងទូរទស្សន៍ប៉ុស្តិ៍លេខ ៤ វៀតណាម ដែលបានចូលរួមយកព័ត៌មានដែរនោះ បានធ្វើសេចក្តីរាយការណ៍ថា អ្នករស់លើទឹក គឺភាគច្រើនជាប្រជាជន ដែលមានដើមកំណើតវៀតណាម ដែលមានប្រហែល ១,០០០ គ្រួសារ ។
វោហារសាស្ត្ររបស់លោកទូតវៀតណាម បានធ្វើឱ្យប្រពលរដ្ឋកម្ពុជា ចោទជាសំណួរថា តើរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្រោមរដ្ឋាភិបាលក្រុងហាណូយ ឬរដ្ឋាភិបាលក្រុងភ្នំពេញ ទើបលោកទូតមានប្រតិកម្មបែបនេះ? កម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យ ដែលមានសិទ្ធិផ្តាច់មុខលើអធិបតេយ្យផ្ទៃក្នុង ក៏ដូចអធិបតេយ្យខាងក្រៅរបស់ខ្លួន ដែលមិនស្ថិតក្រោមចំណុះរបស់រដ្ឋបរទេសណាមួយនោះឡើយ ។
ការអនុវត្តនូវវិធានផ្ទៃក្នុង ឬច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការកំណត់នយោបាយក្រៅប្រទេសរបស់កម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ដែលរដ្ឋបរទេសគ្មានសិទ្ធិមកលូកលាន់បានទេ ។ ជាក់ស្តែងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ គ្មានពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយវៀតណាម ។ វោហារសាស្ត្ររបស់លោកទូតរូបនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ។
បើលោកទូតទទួលស្គាល់ថា អ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះ ជាជនជាតិវៀតណាម អ្វីដែលលោកទូតអាចធ្វើបាន គឺរៀបចំធ្វើមាតុភូមិនិវត្តន៍ពួកគេឱ្យទៅកាន់ប្រទេសវៀតណាមវិញ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់វៀតណាមផង និងបង្ហាញពីការគោរពដល់តម្លៃមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរផង ។ លោកទូតមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យខូចខាតដល់មិត្តភាព និងធ្វើឈឺចាប់ដល់បេះដូងប្រជាពលរដ្ឋខ្មែរនោះទេ ។
វោហារសាស្ត្ររបស់លោកទូតហាក់បង្កប់នូវភាពពិសពុល ដែលធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមបង្គាប់វៀតណាម ឬអាយ៉ងវៀតណាម ដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង ។ ជាការណ៍ពិត រាជរដ្ឋាភិបាលកម្ពុជាមិនស្ថិតក្រោមបង្គាប់នៃរដ្ឋបរទេសណាមួយនោះទេ ។ រាជរដ្ឋាភិបាលកម្ពុជា យកប្រជាជនកម្ពុជាធ្វើជាម្ចាស់ អ្វីៗ ដើម្បីបុព្វហេតុនៃឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងអ្នកការទូត វៀតណាមតែងតែស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្តល់ភាពស្របច្បាប់ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាម ដែលមកតាំងទីលំនៅនៅកម្ពុជា ។ ពួកគេមិនដែលពិភាក្សាពីលទ្ធភាពធ្វើមាតុភូមិនិវត្តន៍ ជនអន្តោប្រវេសន៍ទាំងនោះឱ្យទៅរស់នៅប្រទេសវៀតណាម ខ្លួនឯងវិញនោះទេ ។
ជាក់ស្តែង ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន លោក បួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នើឱ្យកម្ពុជាបន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម និងបានស្នើឱ្យអាជ្ញាធរកម្ពុជា ធានាពីផលប្រយោជន៍ និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាម ផងដែរ ក្នុងដំណាក់កាល ដែលកម្ពុជាកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ។
ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរ លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ក៏បានរំលឹកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្រប សម្រាប់សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ ។ ស្ត្រីអ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងថ្មី សម្រាប់ពលរដ្ឋដើមកំណើតវៀតណាម ត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលពីសង្គម ។
ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ លោក ស៊ឹម ជី ប្រធានសមាគមវៀតណាម បាននិយាយថា សមាគមរបស់លោកបានដាក់លិខិតទៅកាន់ រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើសុំបីចំណុចគឺទីមួយ ស្នើសុំពន្យារពេលសមស្របបំផុតដើម្បីផ្លាស់ប្តូរទីតាំង, ទីពីរ ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញរកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹមបែត្រីបាន និងទីបី ស្នើឱ្យមានថវិកា ដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពនៅពេលចេញទៅ ។
នេះជាការស្នើមួយ ដែលមានការគិតគូរខ្ពស់ សម្រាប់ជនជាតិវៀតណាម ទាំងនោះ ។ សំណួរសួរថា តើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើនោះបានដែរទេ? ទោះដោះស្រាយបាន ឬមិនបាន រដ្ឋបាលរាជធានីភ្នំពេញ ហាក់កំពុងប្រឈមនឹងទ្វេគ្រោះ។ បើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើរបស់ពួកគេបាន បញ្ហាពីរនឹងចោទឡើង ទីមួយ គឺមានន័យថា រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាស់វៀតណាម ឱ្យតាំងទីលំនៅ នៅកម្ពុជា និងអាចត្រូវបានចោទប្រកាន់ថា ស្តាប់បង្គាប់វៀតណាម និងទីពីរ សំណួរជាច្រើននឹងលេចចេញពីមាត់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានតម្រូវឱ្យផ្លាស់ទីដូចគ្នា ក្រោមផែនការអភិវឌ្ឍន៍ តើរដ្ឋបាលរាជធានីភ្នំពេញ មានបានដោះស្រាយសំណើបីយ៉ាង ដូចខាងលើជូនពួកគេដោយសមរម្យដែរឬទេ? ។
ប៉ុន្តែ បើរដ្ឋបាលរាជធានីភ្នំពេញមិនអាចដោះស្រាយបាន តើរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តច្បាប់ ចំពោះពួកគេដោយរបៀបណា? តើពួកគេនឹងទៅរស់នៅឯណា? ឬគ្រាន់តែចេញពីទន្លេខ្មែរមួយទៅកាន់ទន្លេខ្មែរមួយទៀតដដែល? ឬចេញពីដីខ្មែរមួយកន្លែងទៅ នៅដីខ្មែរមួយកន្លែងទៀត? ឬចេញពីកណ្តាលប្រទេសទៅរស់នៅតំបន់ព្រំដែន? តើច្បាប់អន្តោប្រវេសន៍អាចត្រូវបានអនុវត្តដែរឬទេ? ទាំងនេះ សុទ្ធតែជាសំណួរដែលស្មុគស្មាញពិបាករកចម្លើយ ។ តាមពិតទៅអាជ្ញាធរភ្នំពេញ បានដាក់ឱសានវាទត្រឹមថ្ងៃទី ៩ ខែមិថុនា ប៉ុន្តែ ក្រោយមកបានសម្រេចពន្យារពេលបន្ថែមទៀត រហូតដល់ថ្ងៃទី ១២ ខែមិថុនា ។
មែនទែនទៅ ថ្វីបើកម្ពុជាជារដ្ឋតូច ប៉ុន្តែ មានបេះដូងធំទូលំទូលាយ, កម្ពុជាតែងគោរព និងផ្តល់តម្លៃចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាបណ្ដាប្រទេសនានាលើសាកលលោក ។ កម្ពុជាពោរពេញដោយបេះដូងមនុស្សធម៌ និងគោរពនូវគុណធម៌ជាប់ជានិច្ច ។ ដូចឃើញស្រាប់ហើយ នៅគ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជា សុទ្ធតែមានសមាគមវៀតណាម, តើមានដូចគ្នាទេ សមាគមកម្ពុជា នៅប្រទេសវៀតណាម?
កម្ពុជាពិតជាទទួលស្គាល់វៀតណាម ក្នុងការចូលរួមជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ជាការឆ្លើយតប ស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្តនៃប្រទេកម្ពុជា, តើមានស្តូបអនុស្សាវរីយ៍ ដូចគ្នានេះ នៅវៀតណាមដែរឬទេ? ។
តើវៀតណាម មានធ្លាប់បានរំឭកគុណកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុបង្រួបប្រងួម ទឹកដីវៀតណាមដែរឬទេ? ការជួយរបស់កម្ពុជាដើម្បីបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាម បានធ្វើឱ្យសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែករាប់លានតោននៅលើទឹកដីកម្ពុជា និងបានធ្វើឱ្យប្រជាជនកម្ពុជា ស្លាប់និងរងរបួសរាប់សែននាក់, ស្លាកស្នាមផ្លូវលំហូជីញឆ្លងកាត់ប្រទេសកម្ពុជាមិនទាន់រលុបនៅឡើយ, តើនេះជាគុណ ដែលវៀតណាម គួររំឭកដែរឬទេ? ប្រជាជនកម្ពុជា ហាក់មានអារម្មណ៍ចាញ់ប្រៀបវៀតណាម ខ្លាំងណាស់ ។ ប្រជាជន កម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម គួរគិតដល់តម្លៃនៃទំនាក់ទំន ងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួស ដែលនាំឱ្យមានការឈឺចាប់បន្ថែមនោះទេ ។
នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយទៅប្រទេសវៀតណាម ។ ដែនដីកម្ពុជាក្រោម រាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, កោះត្រល់ជាកោះគុជដ៏ឆើតឆាយ ដែលមានចម្ងាយតែបន្តិចសិបគីឡូពីក្រុងកែប បានត្រូវបាត់បង់ទៅប្រទេសវៀតណាមដែរ ។ កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជា ជំនាន់នេះ និងជំនាន់ក្រោយៗ ទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវៈយវៈចេញពីរាងកាយដូច្នោះដែរ ។
ដូច្នេះ វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួន បង្កឱ្យមានការឈឺចាប់បន្ថែមដល់ប្រជាជនខ្មែរនោះទេ ។ វៀតណាម គួរតែរៀបចំផែនការ មាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួន ទៅកាន់ប្រទេសខ្លួនវិញហើយ មិនគួរគិតតែពីសុំភាពស្របច្បាប់ដល់ពួកគេពីប្រទេសកម្ពុជានោះទេ ។ វាល្មមដល់ពេលបញ្ចប់នយោបាយដំណើរឆ្ពោះមកទិសខាងលិចរបស់អ្នកហើយ, អ្នកទទួលបានទឹកដីពីកម្ពុជាច្រើនណាស់ហើយ ។ ប្រទេសទាំងពីរ ត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនង ដែលប្រទេសទាំងពីរបានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង» ៕ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)